បុរសម្នាក់ចាយ ៣០០០ដុល្លារ ទិញ iPhone X ប្រើមុនគេ
iPhone X ត្រូវបានហាងលក់ទូរសព្ទមួយនៅទីក្រុងហូជីមិញប្រទេសវៀតណាម នាំចូលមកលក់មុនគេនៅវេលាម៉ោង ៩:៥០ នាទីថ្ងៃទី៣ ខែវិច្ឆិកា។ ភ្លាមៗនោះក៏មានបុរសម្នាក់បានចំណាយថវិកាជិត ២៩៨៣ដុល្លារ (៦៨ លានដុង) ទិញយក iPhone X ទំហំ២៥៦ GB ប្រើមុនគេ។បុរសរូបនោះត្រូវបានស្គាល់ថាមានឈ្មោះ Huy ដោយកន្លងមកគាត់ធ្លាប់តាមទិញផលិតផលថ្មីៗឲ្យបានមុនគេជាច្រើនលើកមកហើយ រួមមាន iPhone 7, iPhone 6s និងទូរសព្ទ Samsung មួយចំនួនផងដែរ។ បុរសរូបនេះលើកឡើងថា ៖ “ទោះដឹងថាតម្លៃ iPhone X អាចធ្លាក់ចុះរាប់លានដុង ក្នុងពេលប៉ុន្មានថ្ងៃទៀតក្ដី ប៉ុន្តែខ្ញុំនៅតែហ៊ានចំណាយលុយដើម្បីក្លាយជាអ្នកប្រើដំបូងគេ។ លុយមិនអាចទិញអារម្មណ៍នេះបានឡើយ”។ បុរសដែលជាម្ចាស់ហាងលក់ទូរសព្ទបានលើកឡើងដែរថា iPhone X ទំហំ ២៥៦ GB នេះ លក់តម្លៃ ៦៨លានដុង តែពេលលក់ដំបូងប៉ុណ្ណោះ ដោយតម្លៃអាចធ្លាក់នៅត្រឹម ៤០ ទៅ ៥០លានដុង (ប្រមាណ ១៧៥០ ទៅ ២២០០ដុល្លារ) នៅពេលបន្តបន្ទាប់។
បច្ចុប្បន្នតម្លៃ iPhone X ក្នុងទីផ្សារប្រទេសវៀតណាមមានតម្លៃ ៣៣ ទៅ ៣៤ លានដុង (ប្រមាណ ១៤៤០ ទៅ ១៤៩០ដុល្លារ) សម្រាប់ទំហំ ៦៤ GB និង ៣៧ ទៅ ៣៨លានដុងសម្រាប់ទំហំ ២៥៦ GB (ប្រមាណ ១៦២០ ទៅ ១៦៦០ដុល្លារ)៕ប្រភព៖ Zing
No comments:
Post a Comment