កម្ពុជាជាប់លេខ១៩ ក្នុងចំណោមប្រទេស ២០ នៅអាស៊ី ខាងសមត្ថភាពភាសាអង់គ្លេស
បើតាមស្ថិតិអំពីសមត្ថភាពភាសាអង់គ្លេសឆ្នាំ ២០១៧ របស់ Education First (EF) ដែលជាស្ថាប័នអប់រំដ៏ល្បីឈ្មោះមួយរបស់ប្រទេសស្វីស បានបង្ហាញឲ្យឃើញថា កម្ពុជា ជាប់លេខ ១៩ ក្នុងចំណោមប្រទេស ២០ នៅអាស៊ី។
បើតាមស្ថិតិមួយនេះ កម្ពុជាទទួលបានពិន្ទុ ៤០.៨៦ ជាប់លេខ ១៩ ខ្ពស់ជាងឡាវដែលទទួលបានពិន្ទុ ៣៧.៥៦ ជាប់លេខ ២០ ដែលជាចំណាត់ថ្នាក់ក្រោមបំផុត ក្នុងតារាងនេះ។ ប្រទេសជិតខាងកម្ពុជា ពោលគឺវៀតណាម និងថៃសុទ្ធតែទទួលបានពិន្ទុខ្ពស់ជាងកម្ពុជាក្នុងស្ថិតិនេះ ដោយថៃ ទទួលបាន ៤៩.៧៨ ពិន្ទុ ឈរ ៣ លេខលើកម្ពុជា ខណៈវៀតណាមជាប់រហូតដល់លេខ ៧ ដោយបាន ៥៣.៤៣ ពិន្ទុ។ក្រៅពីនេះ ក៏មានប្រទេសអាស៊ានចំនួនដល់ទៅ បីទៀត បានដណ្ដើមចំណាត់ថ្នាក់កំពូលៗ ក្នុងតារាងស្ថិតិនេះ ក្នុងនោះ សិង្ហបុរី ទទួលបានពិន្ទុ ៦៦.០៣ ឈរលេខ ១ ខណៈម៉ាឡេស៊ី ជាប់លេខ ២ បាន ៦១.០៧ ពិន្ទុ ហើយហ្វីលីពីនទទួលបាន ៦០.៥៩ ពិន្ទុ ឈរលើចំណាត់ថ្នាក់លេខ ៣។ ឥណ្ឌូណេស៊ីក៏ទទួលបានពិន្ទុខ្ពស់មិនណយដែរ ដោយបាន ៥២.១៥ ពិន្ទុ ឈរលេខ ១០។ក្រឡេកមើលមហាអំណាចអាស៊ីវិញ ឥណ្ឌា ជាប់ដល់ទៅលេខ ៤ ក្នុងតារាងនេះ ដោយទទួលបាន ៥៦.១២ ពិន្ទុ ខណៈកូរ៉េខាងត្បូងមានពិន្ទុតិចជាងឥណ្ឌាតែ ១ពិន្ទុជាង ប៉ុណ្ណោះ ឈរលេខ ៦។ ចិន និងជប៉ុនមានចំណាត់ថ្នាក់ជិតគ្នា ដោយចិនមានពិន្ទុ ៥២.៤៥ ជាប់លេខ ៨ ខណៈជប៉ុនបានពិន្ទុតិចជាងចិនតែ ០.១១ ប៉ុណ្ណោះ ធ្វើឲ្យប្រទេសនេះជាប់លេខ ៩៕ប្រភព៖ Coconut
No comments:
Post a Comment