Monday, October 23, 2017

ហេតុអ្វី​បានជា​មាន​ពិធី​កាត់​ព្រ័ត្រ និង​ចាប់កូនខ្លែង​ពេល​បញ្ចប់​បុណ្យ​អុំ​អូក​?

ហេតុអ្វី​បានជា​មាន​ពិធី​កាត់​ព្រ័ត្រ និង​ចាប់កូនខ្លែង​ពេល​បញ្ចប់​បុណ្យ​អុំ​អូក​?
បើ​តាម​ការ​ស្រាវជ្រាវ​របស់​លោក​ជា គាន អគ្គលេខាធិការ​រង​ទី​១ គណៈកម្មាធិការ​បុណ្យ​ជាតិ និង​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា ពិធី​កាត់​ព្រ័ត្រ​គឺជា​ពិធី​មួយ​បង្ហាញ​ពី​លទ្ធផល​នៃ​រាជពិធី​ប្រណាំងទូក​បន្ទាប់​ពី​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ​នោះ ។ពិធី​នេះ​ជា​និម្មិតសញ្ញា​នៃ​ឆន្ទៈ​ដ៏​មុត​ស្រួត​របស់​កងកម្លាំង​ដ៏​ក្លៀវក្លា​ពោរពេញ​ដោយ​ថាមពល​របស់​អ្នក​អុំទូក​ដែល​ជា​តំណាង​កងទ័ពជើងទឹក​ដែល​បាន​ធ្វើ​សមយុទ្ធ​តាម​ជំនាញ​ក្នុង​យុទ្ធវិធី​ការពារ​បូរណភាព​ទឹកដី​ប្រកបដោយ​ភាព​ជោគជ័យ​ក្នុង​សមរភូមិ ។ពិធី​កាត់​ព្រ័ត្រ​នេះ​ក៏​ជា​សិល្បៈ​នៃ​កីឡាករ​-​កីឡាការិនី​អុំទូក​ខ្មែរ​បូរាណ​មួយ​បែប ដែល​មាន​ន័យ​ថា អត្ត​ប្បដិរូប​ភ្ជាប់​ទៅ​នឹង​យុទ្ធវិធី​គ្រប់គ្រង​ដឹកនាំ ដែរ​ក្សា​ការពារ​អាយុជីវិត ការពារ​បូរណភាព​ទឹកដី បេ​តិក​ភ័​ណ្ឌ​ជាតិ សម្បត្តិ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណ​ជាតិ និង​បង្ហាញ​ពី​មហិច្ឆតា​របស់​ពួក​ខ្មាំងសត្រូវ ដែល​មាន​បំណង​អាក្រក់ ដើម្បី​ឈ្លានពាន និង​ដណ្តើម​យក​ទឹកដី អច្ឆរិយៈ​របស់​យើង​តាម​រយៈ​ល្បែង​ចាប់កូនខ្លែង​" ។ខ្សែព្រ័ត្រ​ដែល​ចង​លាតសន្ធឹង​យ៉ាង​វែង​ភ្ជាប់​ពី​ទូក​មួយ​ទៅ​ទូក​ទៀត នៅ​កណ្តាលទន្លេ​ស្ថិត​នៅ​ចំ​ព្រះ​ភ័​ក្រ​ព្រះមហាក្សត្រ និង​មន្ត្រី​អ្នកមុខអ្នកការ​នា​ព្រះ​ពន្លាជ័យ​ត្រូវ​បាន​កាត់​ផ្តាច់​ដោយ​ព្រះ​ខ័ន​រាជ​ដែល​ជា​គ្រឿងសាស្ត្រាវុធ​ដ៏​ពិសិដ្ឋ ដែល​បញ្ជា​ដឹកនាំ​ដោយ​ទូក​ក្រុម​អាចារ្យ​-​បា​គូ និង​ទូក​មួយទៀត​ជា​តំណាង​នៃ​មេទ័ព​ខ្មែរ​ដែល​ប្រដាប់​ដោយ​សំលៀក​បំពាក់​សក្តិ​សមជា​មេទ័ព​ដ៏​មាន​ម​ហិ​ទ្ធិ​រិ​ទ្ធិ ។ទូក​អុំ ទូក​ចែវ​ទាំងឡាយ​ដែល​ហែរ​ហម​តាម​ក្រោយ​បាន​លើក​ច្រ​វ៉ារ​ឡើង​ព្រម​ៗ​គ្នា ស្រែក​ហ៊ោ​រក​ញ្ច្រៀ​វ​កងរំពង និង​បញ្ចេញ​សម្រែក​ជ័យ​ឃោស​ដោយ​ទឹកចិត្ត​សប្បាយ​រីករាយ ហាក់បីដូចជា​សម្រែក​ស្រែក​សន្ធាប់​បំបាក់ស្មារតី​ពួក​ខ្មាំងសត្រូវ​ដែល​មាន​បំណង​យារ​យី​ទឹកដី​របស់​យើង ។សម្រែក​ដ៏​សន្ធាប់​ដោយ​លាយឡំ​នឹង​ជ័យ​ឃោស​នេះ ធ្វើ​ឲ្យ​ខ្មាំងសត្រូវ​បាក់បប​ខ្លបខ្លាច​អំណាច​ចេស្តារ​នៃ​កម្លាំង​មហា​សាមគ្គី​របស់​យើង ។ចំពោះ​ការ​ចាប់កូនខ្លែង​វិញ វា​ជា​ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​បែប ដែល​ចាស់​បុរាណ​របស់​យើង​រៀបចំ​ឡើង​សម្រាប់​កម្សាន្ត​សប្បាយ​នៅ​ពិធី​បុណ្យចូលឆ្នាំ តែ​លេង​នៅ​លើគោក ។ ល្បែង​នេះ​វា​បង្ហាញ​ពី​វិធី​ការពារ​កូន​ទ័ព​(​កូន​មាន់​)​ពី​សំណាក់​មេទ័ព​(​មេមាន់​) ។ល្បែង​ចាប់កូនខ្លែង​មាន​បុរស​ម្នាក់​ដើរតួ​ជា​សត្វ​ខ្លែង​នារី​ម្នាក់​ដើរតួ​ជា​មេមាន់ និង​បុរស​-​នារី​ជា​ច្រើន​នាក់​ទៀត​ដើរតួ​ជា​កូន​មាន់​។ខ្លែង​ជា​ប្រភេទ​សត្វ​ដែល​មាន​ម​ហិ​ច្ឆិ​តា​ចង់​ចាប់កូនមាន់​ធ្វើ​ជា​ចំណី​របស់​វា​។ សត្វ​ខ្លែង​ប្រើ​គ្រប់​កលល្បិច​ដោយ​ហើរ​សំកាំង​ដើម្បី​ឆក់​ឱកាស​ឆាប​យក​កូន​មាន់​ធ្វើ​ជា​ចំណី​។រីឯ​មេមាន់​ស្ថិត​នៅ​ចំពោះ​មុខ​គ្រោះថ្នាក់​បែប​នេះ​បាន​ប្រុង​ប្រយ័ត្ន​ជា​និច្ច ដើម្បី​ការពារ​កូន​របស់​ខ្លួន​កុំ​ឲ្យ​បាត់បង់​ឬ​គ្រោះថ្នាក់​ដោយសារ​សត្វ​ខ្លែង​។មេមាន់​បង្ហាញ​នូវ​ជំហរ​លះបង់​ខ្ពស់ ត្រៀមប្រយុទ្ធ​ជាមួយ​ខ្លែង និង​បង្ហាញ​ពី​ព្រហ្ម​វិហារធម៌​ចំពោះ​កូន​ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន ។ កូន​មាន់​ដែល​ធ្វើ​តាម​ការ​ណែនាំ​របស់​មេនោះ​មិន​ជួប​ភ័យ​ន្ត​រាយ​ឡើយ ។ខ្លែង​ដែល​មាន​បំណង​បំផ្លាញ​សេចក្តីសុខ​របស់​មាន់​នោះ បែរជា​មិន​អាច​សម្រេច​នូវ​ម​ហិ​ច្ឆិ​តា​របស់​ខ្លួន​បាន​។ល្បែង​ប្រជាប្រិយ​ខ្មែរ​ចាប់កូនខ្លែង​នេះ​ប្រៀប​បាន​ទៅ​នឹង​យុទ្ធសាស្ត្រ​រវាង​មេទ័ព និង​កម្លាំង​ទ័ព​ដែល​មាន​យុទ្ធវិធី និង​មាន​សិល្បៈ​ខ្ពស់​ក្នុង​ការ​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន និង​ភាព​ស្ទាត់ជំនាញ​របស់​មេកោយ ដែល​ចេះ​ដឹកនាំ​បញ្ជា​គ្រប់គ្រង​ល្អ អាច​ការពារ​កូនចៅ​របស់​ខ្លួន​ប្រកបដោយ​ជោគជ័យ ។ទាំងនោះ​គឺ​ដោយសារ​ស្មារតី​សាមគ្គីធម៌​របស់​កងកម្លាំង​ដែល​ស្តាប់​បទបញ្ជា​របស់​មេកោយ​ប្រកបដោយ​ភាព​មាន​វិន័យ និង​មិន​ប្រមាទ​មើល​ស្រាល​គូសត្រូវ​។ដោយហេតុ​ល្បែង​ចាប់កូនខ្លែង​មាន​ន័យ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ដឹកនាំ​ផ្នែក​កម្លាំង​ប្រយុទ្ធ​បែប​នេះ​ហើយ ទើប​បុរាណ​ខ្មែរ​យើង​លើកយក​ល្បែង​ចាប់កូនខ្លែង​នេះ​មក​ភ្ជាប់​ជាមួយ​ព្រះរាជ​ពិធី​កាត់​ព្រ័ត្រ​ក្នុង​ពេល​បញ្ចប់​បុណ្យអុំទូក ។ពិតមែនតែ​ល្បែង​ចាប់កូនខ្លែង​គេ​លេង​លើគោក តែ​ដោយ​រាជពិធី​បុណ្យអុំទូក​មាន​ចរិតលក្ខណៈ​សមយុទ្ធ​របស់​កងទ័ពជើងទឹក ដែល​មាន​ទូក​ក្តារ​ជា​មធ្យោបាយ ទើប​ចាស់​បុរាណ​លើកយក​ល្បែង​នេះ មក​ប្រារព្ធ​ក្នុង​ពិធី​កាត់​ព្រ័ត្រ​ទុកដូចជា​ការ​សម្តែង​មនោសញ្ចេតនា​សប្បាយ​រីករាយ ក្នុង​ពិធីបុណ្យ​ដ៏​មាន​ប្រជាប្រិយ​នេះ​៕
 ប្រភព៖everyday news

No comments:

Post a Comment