កំពង់ផែទេសចរណ៍ដំបូងនៅខេត្តកំពត គ្រោងនឹងចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០១៧ ខាងមុខ គម្រោងនេះ អាចនឹងចំណាយទឹកប្រមាណ ៩លានដុល្លារ និងរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០១៩ និងសង្ឃឹមថាអាចស្រូបកំណើនភ្ញៀវទេសចរកាន់តែច្រើនមកកម្ពុជា។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ថា គម្រោងកំពងផែទេសចរណ៍នេះ គ្រោងចំណាយប្រមាណ ១០លានដុល្លារ ដែលគម្រោងនេះនឹងផ្ដល់មកវិញនូវផលចំណេញដល់អ្នកខេត្តកំពត ទាក់ទាញភ្ញៀវទេសចរមកទស្សនាតំបន់ឆ្នេរ និងជម្រុញសេដ្ឋកិច្ចកម្ពុជា។ម្យ៉ាងការផ្ដួចផ្ដើមបង្កើតកំពង់ផែទេសចរណ៍ដំបូងនៅខេត្តកំពតនេះ លោកឲ្យដឹងថាៈ «ប្រទេសជិតខាងកំពុងជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ហើយគេកំពុងជំរុញកំណើនភ្ញៀវនៅតាមតំបន់ផ្លូវទឹកនានា… បើយើងមិនជំរុញឲ្យរូតរះក្នុងការអភិវឌ្ឍមិនទាន់ទេ នោះយើងនឹងខាតបង់។ ខ្ញុំគិតថា សព្វថ្ងៃយើងធ្វើបានទាន់ពេលវេលាល្អ ដោយយើងធ្វើបានព្រោងព្រៀតជាមួយគេឯង»។តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ ខេត្តកំពត ចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ខេត្តកំពតនឹងមានភ្ញៀវទេសចរអន្តរជាតិ១៦ម៉ឺននាក់ និងក្នុងមួយថ្ងៃ អាចទាក់ទាញភ្ញៀវទេសចរប្រមាណ ១ពាន់នាក់ទៅកម្សាន្ត បន្ទាប់ពីគម្រោងនេះបញ្ចប់។ ដោយឡែក តម្លៃអចលនទ្រព្យដទៃទៀត ក៏នឹងត្រូវកើនឡើងនៅតំបន់នេះដែរ បន្ទាប់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សេវាស្នាក់នៅបារួចរាល់។គួរជម្រាបថា គម្រោងនេះ ស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍រចនាសម្ព័ន្ធនៃបណ្ដាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ។ ការរចនាប្លង់មេនៃគម្រោងនេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ និងជំនួយការបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលនឹងត្រូវចំណាយពេលសាងសង់រយៈពេល ២ឆ្នាំកន្លះ៕
ប្រភព៖everyday news
No comments:
Post a Comment