ជាគ្រូពេទ្យ ៣០ឆ្នាំ នៅដង្ហើមចុងក្រោយ សុខចិត្តបរិច្ចាគកែវភ្នែកឲ្យអ្នកជំងឺទៀត
គ្រូពេទ្យ គឺជាជំនាញប្រសើរមួយដែលមានការគោរពស្រលាញ់ពីមនុស្សក្នុងសង្គម ព្រោះវាបានជួយសង្គ្រោះជីវិតមនុស្សជារៀងរាល់ថ្ងៃ។ ប៉ុន្តែពេលខ្លះ គ្រូពេទ្យក៏មិនអាចជួយខ្លួនឯងបានដែរ ពេលកើតជំងឺធ្ងន់ធ្ងរ។គ្រូពេទ្យផ្នែកឆ្អឹងជនជាតិចិនដែលជាអនុប្រធាននៅមន្ទីរពេទ្យមួយក្នុងខេត្តជាំងស៊ូ ប្រទេសចិន សម្រេចបរិច្ចាគអវយវៈរបស់ខ្លួនដើម្បីជួយសង្គ្រោះអ្នកជំងឺលើកចុងក្រោយ មុនពេលលាចាកលោកផុតទៅ។ លោកបានកើតជំងឺមហារីកធ្ងន់ធ្ងរ។ប្រភពពីសារព័ត៌មានចិន China News ផ្សាយថា គ្រូពេទ្យនេះមានឈ្មោះ Chen អាយុ ៥២ឆ្នាំ ជាពេទ្យជំនាញផ្នែកឆ្អឹងរយៈពេលជាង ៣០ឆ្នាំហើយ។ គាត់បានវះកាត់ឲ្យអ្នកជំងឺរាប់ពាន់ដងពាក់ព័ន្ធនឹងសន្លាក់ និងក្បាលជង្គង់ ហើយលោកទទួលបានការគោរពកោតសរសើរនៅក្នុងពិភពវេជ្ជសាស្ត្រ។ជាអកុសល កាលពីខែកក្កដា ឆ្នាំ ២០១៦ លោកគ្រូពេទ្យ Chen បានពិនិត្យឃើញជំងឺមហារីកលំពែង ប៉ុន្តែទោះបីជាត្រូវយាយីដោយជំងឺ លោកមិនដែលឈប់ព្យាបាលអ្នកជំងឺឡើយ។ រយៈពេលមួយឆ្នាំបន្ទាប់ ស្ថានភាពជំងឺរបស់គាត់កាន់តែអាក្រក់ឡើង ហើយកោសិកាមហារីកចាប់ផ្ដើមរីករាលដាលទៅកាន់សរីរាង្គផ្សេងទៀត។ពេលដឹងថា ជំងឺមិនអាចព្យាបាលបាន នៅថ្ងៃចុងក្រោយ លោកសម្រេចបរិច្ចាគកែវភ្នែក ដើម្បីសង្គ្រោះមនុស្សម្នាក់ទៀត។ លោកគ្រូពេទ្យរូបនេះបាននិយាយទៅកាន់ម្ដាយថា "ម៉ាក់ ចាប់តាំងពីថ្ងៃកូនបានទទួលលិខិតយល់ព្រមពីសាកលវិទ្យាល័យ កូនតែងតែចង់ចូលរួមចំណែកជួយសង្គ្រោះមនុស្សក្នុងពិភពវេជ្ជសាស្ត្រ។ នេះជាបំណងប្រាថ្នាចុងក្រោយរបស់កូន កូនសង្ឃឹមថា ម៉ាកនឹងយល់ព្រមការចង់បានមួយនេះ។ កុំឲ្យកូនចាកចេញពីពិភពលោកនេះទៅដោយក្ដីសោកស្ដាយ"។បន្ទាប់ពីលោក Chen ស្នើសុំរួច គ្រួសារក៏យល់ព្រម ហើយលោក Chen ចង់បរិច្ចាគសរីរាង្គទាំងអស់ដែលត្រូវការ ប៉ុន្តែកោសិកាមហារីកបានបំផ្លាញសរីរាង្គផ្នែកខាងក្នុងអស់ជាច្រើន ហើយមានតែកែវភ្នែកប៉ុណ្ណោះអាចបរិច្ចាគបាន។នៅថ្ងៃទី ២៧កក្កដា លោក Chen បានចុះហត្ថលេខាយល់ព្រមបរិច្ចាគសរីរាង្គទាំងខ្លួននៅលើគ្រែពេទ្យ។ នៅ ៨ថ្ងៃបន្ទាប់ លោក Chen មិនអាចកម្រើកបានទៀតឡើយ។ ក្រោយសន្លប់រយៈពេលខ្លីមួយ លោកបានអង្វរគ្រូពេទ្យឲ្យវះកាត់យកកែវភ្នែករបស់ខ្លួនតែម្ដង។ ក្រុមគ្រួសារសាច់ញាតិ និងគ្រូពេទ្យបានត្រឹមសម្រក់ទឹកភ្នែក។មុនពេលផុតដង្ហើម លោក Chen បានស្នើឲ្យមិត្តរួមការងារបរិច្ចាគសៀវភៅទាក់ទងនឹងការសិក្សាវិជ្ជាពេទ្យទៅកាន់បណ្ណាល័យក្នុងមន្ទីរពេទ្យ ព្រោះលោកចង់ជួយគ្រូពេទ្យវ័យក្មេងផ្សេងទៀតផង។តាមសេក្ដីរាយការណ៍ចុងក្រោយ កែវភ្នែករបស់លោក Chen បានជួយសង្គ្រោះបុរសដល់ទៅ ២នាក់ ម្នាក់អាយុ ៤០ឆ្នាំ និងម្នាក់ទៀត ៥០ឆ្នាំ ដូចក្ដីប្រាថ្នារបស់គ្រូពេទ្យ Chen ពិតមែន៕ប្រភព៖sabay.com.kh
No comments:
Post a Comment