យុវជនប្រើប្រាស់ Facebook ជ្រុលហួសហេតុអាចប្រឈមបញ្ហាផ្លូវចិត្ត
អ្នកជំនាញអះអាងថា យុវជនគឺជាវ័យមួយដែលលូតលាស់ខាងផ្នែកអារម្មណ៍ខ្លាំងជាងគេ ហើយក៏ជាវ័យមួយដែលជាប់ក្នុងការប្រើប្រាស់បណ្ដាញសង្គមច្រើនជាងគេផងដែរ ត្រង់ចំណុចនេះ អ្នកជំនាញថាបើយុវជនមិនចេះគ្រប់គ្រងការប្រើប្រាស់បណ្តាញសង្គម ឲ្យបានល្អនោះទេ ព័ត៌មាននៅលើបណ្តាញនេះនឹងធ្វើឲ្យយុវជនខ្លះមានជំងឺបាក់ទឹកចិត្ត ឬបញ្ហាផ្លូវចិត្ត។នៅក្នុងកម្មវិធីឈ្វេងយល់ស្ដីពីសុខភាពផ្លូវចិត្តដែលរៀបចំដោយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកមិញនេះ លោក ផាត ពុទ្ធី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវផ្លូវចិត្តកុមារ និងយុវវ័យ បានលើកឡើងថា ការប្រើប្រាស់បណ្ដាញសង្គមជ្រុលហួសហេតុធ្វើឲ្យយុវជនប្រឈមបញ្ហាផ្លូវចិត្ត ។លោក ពុទ្ធី បានដកស្រង់របាយការណ៍ Clinical Report របស់អាមេរិក ដែលមានស្ថានភាពស្រដៀងនឹងកម្ពុជា បានឲ្យដឹងថា យុវវ័យ ២២% នៃចំនួនយុវវ័យសរុប ប្រើប្រាស់បណ្ដាញសង្គម ចូល ១០ដងក្នុង១ថ្ងៃ។ លោកបន្ថែមថាៈ «យុវជនមួយចំនួន ប៉ះទង្គិចផ្លូវចិត្ត ដោយសារការប្រើប្រាស់ហ្វេសបុកច្រើនពេក ដោយវាធ្វើឲ្យពួកគេទទួលរងសម្ពាធពីមិត្តភក្តិគាត់ នាំគាត់គេចសាលា ប្រើប្រាស់គ្រឿងញៀន ត្រូវបានជនមិនស្គាល់គម្រាមយកប្រាក់ ការមើលរឿងអាសអាភាស និងការបញ្ចូលព័ត៌មានមិនសមស្របគ្នាដែរ ដូចជារូបភាពអាសអាភាស សម្លាប់ខ្លួន ដែលអាចឲ្យយុវជនមើលឃើញ និងយកគំរូតាម»។ដោយឡែកនៅកម្ពុជាមិនទាន់មានការសិក្សាច្បាស់លាស់ណាមួយបានបញ្ជាក់ពីផលប៉ះពាល់ដោយសារបណ្ដាញសង្គមនៅឡើយ។ នេះបើតាមលោក ពុទ្ធី បញ្ជាក់។ជាមួយគ្នានេះ អ្នកជំនាញខាងលើ ណែនាំឲ្យយុវជនស្វែងយល់ពីការប្រើប្រាស់បណ្ដាញសង្គមឲ្យបានត្រឹមត្រូវ ដយយថាសម្រាប់កូនក្មេងជាទំនួលខុសត្រូវម្ដាយឪពុក ដែលគួរណែនាំពីផលប៉ះពាល់នៃបណ្ដាញសង្គមនេះ ដល់កូន។ ក្រៅពីនេះលោកថាយុវជនក៏គួរស្វែងយល់ពីព័ត៌មានលើបណ្ដាញសង្គម និងវែកញែកមួយណាល្អ មិនល្អ និងបែងចែកពីពេលវេលានៃការប្រើប្រាស់បណ្ដាញសង្គម និងគ្រប់គ្រងខ្លួនឯងឲ្យបាន។ លោកថាយុវជនគួរប្រើប្រាស់បណ្ដាញសង្គម ដើម្បីការសិក្សារៀនសូត្រ និងចែករំលែកព័ត៌មានពិត។ ប្រភព៖everyday news
No comments:
Post a Comment