Sunday, December 17, 2017

កន្លែង​កម្សាន្ត​ សម្រាប់​គូ​ស្នេហ៍​ដែល​ទើប​តែ​រៀប​អាពាហ៍ពិពាហ៍​ហើយ​ថ្មី​ៗ​

កន្លែង​កម្សាន្ត​ សម្រាប់​គូ​ស្នេហ៍​ដែល​ទើប​តែ​រៀប​អាពាហ៍ពិពាហ៍​ហើយ​ថ្មី​ៗ​ សម្រាប់​គូរ​ស្នេហ៍​​ដែល​រៀប​អាពាហ៍ពិពាហ៍​រួច​ហើយ​ថ្មី​ថ្មោង​តែង​តែ​ស្វែង​រក​កន្លែង​កម្សាន្ត​សម្រាប់​ពេល​ទៅ​​ក្រេប​ទឹក​​ឃ្មុំ​ ពេល​ខ្លះ​ពួក​គេ​តែង​តែ​គិត​ទៅ​ដល់​កន្លែង​នៅ​​ក្រៅ​ប្រទេស​ ប៉ុន្តែ​សម្រាប់​នៅ​ក្នុង​ប្រទេស​យើង​ក៏​មាន​កន្លែង​ជា​ច្រើន​​ដែល​ស្រស់​ស្អាត​ រ៉ូមេនទិច​សម្រាប់​គូរ​ស្នេហ៍ សម្រាក​លំហែ​កាយ​ផង​ដែរ​ ចាំ​បាច់​អី​ទៅ​ដល់​ក្រៅ​ប្រទេស​នោះ​ទេ​។ តោះ​ ! ទៅ​មើល​ កន្លែង​ទាំង​នេះ​ដែល​អ្នក​និង​គូរ​ស្នេហ៍​អ្នក​ប្រាកដ​ជា​ដក​ចិត្ត​មិន​បាន៖១.​ កោះ​សង្សារ​ អ្នក​ណា​ក៏​ដឹង​ដែរ​ថា​កោះ​ សង្សារ​ប្រៀប​បាន​ដូច​ទៅ​នឹង​កោះ​ឋានសួគ៌ នៅ​ឯ​កោះ​​បាលី​អញ្ចឹង។ ហើយ​កោះ​សង្សារ​ដែល​មាន​ប្រណិត​ភាព​ខ្ពស់ រួម​ជាមួយ​និង​ ឯកជនភាព​ទៀត​នោះ​ធ្វើ​ឲ្យ​គូរ​មាន​ភាព​រ៉ូមេនទិច​អស្ចារ្យ មិន​ខាន​។ ចំពោះ​តម្លៃ​នៃ​ការ​ស្នាក់​នៅ​ទីនោះ​ ក្នុង​មួយ​យប់ គឺ​ចាប់​ពី​៨៩០​ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​បន្ទប់​។២. កោះរុង​ ឬ​​កោះរុងសន្លឹម​ កោះ​រ៉ុង​សន្លឹម​ក៏​មិន​ចាញ់​កោះ​សង្សារ​ប៉ុន្មាន​ដែរ​ នៅ​ទីនោះ មាន​ភាព​ស្ងប់​ស្ងាត់​ស្រស់​ស្អាត​រួម​ជាមួយ​នឹង​ឆ្មេរ​ខ្សាច់​ពណ៌​ស​ដ៏​វែង​អន្លាយ​​។ កោះរុងសន្លឹម​ ជា​កោះ​មួយ​ដែល​ទាក់​ទាញ​គូរ​ស្នេហ៍​ជា​ច្រើន ទៅ​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​នៅ​ទី​នោះ​។ នៅ​ទីនោះ​ក៏​មាន​ជា​កន្លែង​ឯកជន​ជាច្រើន​ដូច​ជា​បឹង​ហ្គាឡូត ឬក៏​ជា​សណ្ឋាគារ​ប្រណិត​ផង​ដែរ​។៣. កោះកុង ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ក៏​មាន​កន្លែង​ដ៏​ស្រស់​ស្អាត​សម្រាប់​គូរ​ស្នេហ៍​ផង​ដែរ​ ដូច​ជា​ តំបន់​តាតៃ។ តំបន់​តាតៃ​​ក៏​មាន​ជា​ សណ្ឋាគារ​នៅ​លើ​ទឹក​តាម​មាត់​ព្រែក​ ដែល​មាន​សម្រស់​ធម្មជាតិ​ស្អាត​ទាក់​ភ្នែក​ ។៤.ខេត្ត​កំពត ក្នុង​ខេត្ត​កំពត​ក៏​សម្បូរ​ ​កន្លែង​កម្សាន្ត​សម្រាប់​គូរ​ស្នេហ៍​​ដែរ​​ មាន​ដូចជា​បឹង​ហ្គាឡូត​តាម​តាម​ដង​ព្រែក​ជាដើម​។ ប្រភព៖ theculturetrip

៣​កន្លែង​ដែល​ពេញ​និយម​សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ​!!

៣​កន្លែង​ដែល​ពេញ​និយម​សម្រាប់​ថ្ងៃ​ឆ្លង​ឆ្នាំ​!!
 បើ​និយាយ​ពី​​ពេល​វេលា​គឺ​ថា​ដើរ​លឿន​ទៅ​មុខ​ណាស់​​​ មួយ​ភ្លែត សោះ​ជិត​​ដាច់​ឆ្នាំ​ទៀត​ហើយ​។ ​អញ្ចឹង​​គួរ​ណាស់​តែ​រក​ពេល​វេលា​ល្អ​ៗ ​សម្រាប់​ខ្លួន​ឯង​សម្រាក​ខ្លះ​។ តើ​គួរ​តែ​ទៅ​ទីកន្លែង​​ណា​ដែរ​ទៅ? ពេល​វេលា​រាប់​ថយ​ក្រោយ​ឆ្លង​ឆ្នាំ​​ ដ៏​អស្ចារ្យ​ ក៏​គួរ​តែ​រក​ទី​តាំង​ណា​ដែល​មាន​ភាព​រ៉ូមេនទិច​សម្រាប់​ខ្លួន​ឯង​ដែរ​។ ក្នុង​ចំណោម​៣​កន្លែង​ខាង​ក្រោម​នេះ​ ជា​កន្លែង​ដ៏​អស្ចារ្យ​​ណាស់ សម្រាប់​អ្នក​ដែល​នឹង​ត្រៀម​សម្រាប់​ការ​រាប់​ថយ​ក្រោយ​ឆ្លង​ឆ្នាំ​ចាស់​ ហើយ​ក៏​ជា​កន្លែង​ពេញ​និយម​ផង​ដែរ​។​
១.​ Countdown ​នៅ​ខេត្ត​មណ្ឌលគីរី ​​​អាកាសធាតុ​ត្រជាក់​ក្រោម​ជំនោរ​និទាឃៈរដូវ​ អង្គុយ​មុខ​ភ្លក់​ភ្លើង​ ជាមួយ​មិត្តភ័ក្ដិ ឬ​ក៏​ជាមួយ​នឹង​មនុស្ស​សំខាន់ រង​ចាំ​វេលា​រាប់​ថយ​ក្រោយ​ជាមួយ​នឹង​គ្នា គឺ​ជា​ពេល​វេលា​និង​ទីកន្លែង​ដ៏​ល្អ​បំផុត​ដែល​មិន​ចង់​ឲ្យ​រំលង​ផុត​។​
២.​ មាត់​សមុទ្រ​ក្រុង​ព្រះសីហនុ​ វា​ជា​កន្លែង​ដែល​ពិសេស​ហើយ​សម្បូរ​អ្នក​ទៅ​កម្សាន្ត​ទៀត​នៅ​ថ្ងៃ​ ឆ្លង​ឆ្នាំ​នោះ​ ប្រសិន​បើ​អ្នក​​មិន​កក់​កន្លែង​ស្នាក់​នៅ​ទេ​​ ប្រាកដ​ជា​គ្មាន​កន្លែង​ស្នាក់​នៅ​ជា​មិន​ខាន​នោះ​ទេ។
៣. សៀមរាប​ ​តំបន់​ Pub Street អ្នក​ណា​ខ្លះ​ដែល​ថា​ខក​ខាន​មិន​ចូល​រួម​រាត្រី​ឆ្លង​ឆ្នាំ​នៅ​ទី​នោះ​? តន្ត្រី​កន្ត្រាក់​អារម្មណ៍​ និង​រាំ​កម្សាន្ត​​សប្បាយ​ ស្រែក​ហ៊ោកញ្ជ្រៀវ ​រង់ចាំ​ម៉ោង​នោះ​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​ទៅ​កន្លែង​ណា​នោះ​ ក៏​អាច​នៅ​ផ្ទះ​ជប់លៀង​ឆ្លង​ឆ្នាំ​ជាមួយ​នឹង​គ្រួសារ​បាន​ដែរ​។ប្រភព៖everyday news

Saturday, December 16, 2017

Apple​ ​ប្រកាស​សុំទោស​អ្នក​ប្រើ​កុំព្យូទ័រ​ ​Mac​ ​ជា​សាធារណៈ

Apple​ ​ប្រកាស​សុំទោស​អ្នក​ប្រើ​កុំព្យូទ័រ​ ​Mac​ ​ជា​សាធារណៈ ក្រោយ​ការ​រក​ឃើញ​នូវ​ចន្លោះ​ប្រហោង​ដ៏​គ្រោះ​ថ្នាក់​ដែល​អាច​ចូល​ទៅ​ដល់​ ​System Administrator​ ​របស់​ ​Macbook​ ​ ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​macOS High Sierra​ ​ដោយ​គ្រាន់​តែ​វាយ​ពាក្យ​ ​root​ ​នោះ​ ​ត្រូវ​ ​Apple​ ​ណែនាំ​ឲ្យ​អ្នក​ប្រើប្រាស់​ចូល​ទៅ​ប្ដូរ​ពាក្យ​សម្ងាត់​ជា​បន្ទាន់។ត្រឹម​ពេល​តែ​ប្រមាណ​ ​២៤​ ​ម៉ោង​ក្រោយ​រង​ឃើញ​បញ្ហា​នេះ​ ​Apple​ ​ក៏​បាន​ចេញ​នូវ​កំណែទម្រង់​ប្រព័ន្ធ​ប្រតិបត្តិការ​ ​macOS High Sierra​ ​ជំនាន់​ថ្មី​ ​ហើយ​អាប់ដេត​ដោយ​ស្វ័យប្រវត្តិ​តាម​កុំព្យូទ័រ​ ​Mac​ ​នៅ​ជុំវិញ​ពិភពលោក។ទន្ទឹម​ការ​ការ​បញ្ចេញ​កំណែទម្រង់​ប្រព័ន្ធ​ប្រតិបត្តិការ​ ​macOS High Sierra​ ​ជំនាន់​ថ្មី​នេះ​ ​Apple​ ​ក៏​បាន​ប្រកាស​សុំទោស​ជា​សាធារណៈ​នូវ​ចំណុច​ខ្សោយ​ដ៏​គ្រោះ​ថ្នាក់​នៃ​បច្ចេកវិទ្យា​របស់​ពួក​គេ​ ​ហើយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​នឹង​មិន​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រភេទ​នេះ​កើត​ឡើង​ម្ដង​ទៀត​នោះ​ទេ៕ប្រភព៖ Apple

Wednesday, November 22, 2017

កម្ពុជា​នឹងមាន​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​គ្រឿងចក្រ​នៅក្នុង​ខេត្តស្វាយរៀង​ឆាប់ៗ​នេះ​ ​

កម្ពុជា​នឹងមាន​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​គ្រឿងចក្រ​នៅក្នុង​ខេត្តស្វាយរៀង​ឆាប់ៗ​នេះ​ ​
ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​ចំនួន​បី​ដែលមាន​ទំហំ​ទឹកប្រាក់​​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ជាង ៧,៦​លាន​ដុល្លារ​អាមេរិក ដើម្បី​ស្ថាបនា​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​គ្រឿងចក្រ​នៅក្នុង​ខេត្តស្វាយរៀង​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​ក្រុមហ៊ុន​ទីមួយ​ឈ្មោះ YNX Manufacturing Technologies Co., Ltd.​ដែលមាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​​បង្គុំ​គ្រឿងចក្រ សម្ភារៈ​លើកដាក់​ទំនិញ ម៉ាស៊ីន​ខ្យល់ និង​ម៉ាស៊ីន​ក្រឡឹង​គ្រប់​ប្រភេទ ។ ​គម្រោង​នេះ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​ដុង សាន់​សែ​ល ខេត្តស្វាយរៀង ដែលមាន​ទុនវិនិយោគ​ចំនួន ៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១២៥​នាក់ ។​ ​ក្រុមហ៊ុន​ទី​ពីរ​ឈ្មោះ Jianpan (Cambodia) Matelwork Co., Ltd. ដែលមាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្មា​អាវ​។​គម្រោង​​នេះ​មាន​ទីតាំង​វិនិយោគ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែលមាន​មាន​ទុនវិនិយោគ​ចំនួន ៥០០​ពាន់​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥២៨​នាក់ ។​ ​ក្រុមហ៊ុន​ចុងក្រោយ​គឺ ក្រុមហ៊ុន Wan Jia Hao Knitting Co., Ltd. មាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ។ គម្រោង​នេះ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង បាវិត ខេត្តស្វាយរៀង ដែលមាន​ទុនវិនិយោគ​ចំនួន ២,១៤១ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៨៥​នាក់​៕​ប្រភព៖everyday news

លីគ​ថៃ​រក​ឃើញ​កីឡាករ​លក់​គ្រាប់​បាល់ ​អាច​ពិន័យ​១៥​ម៉ឺន​ដុល្លារ ឬ​ជាប់​គុក​៥​ឆ្នាំ

លីគ​ថៃ​រក​ឃើញ​កីឡាករ​លក់​គ្រាប់​បាល់ ​អាច​ពិន័យ​១៥​ម៉ឺន​ដុល្លារ ឬ​ជាប់​គុក​៥​ឆ្នាំ
សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ ​បាន​រក​ឃើញ​កីឡាករ​៥​នាក់ ​និង​អាជ្ញាកណ្ដាល​២​នាក់ ​ដែល​បាន​រៀប​ចំ​ដើម្បី​កំណត់​លទ្ធផល​ទុក​មុន​ការ​ប្រកួត។កាល​ពី​ពេល​កន្លង​ទៅ​នេះ ​សហព័ន្ធ​បាល់ទាត់​ថៃ ​បាន​សហការ​គ្នា​ជាមួយ​ខាង​អាជ្ញាធរ ​ដើម្បី​រៀប​ចំ​ស៊ើបអង្កេត​ករណី​មិន​ប្រក្រតី​កើត​ឡើង​នៅ​លីគ​បាល់ទាត់។ ជា​រួម​ពួកគេ​បាន​កំណត់​ជន​សង្ស័យ​១២​នាក់ ​ដើម្បី​ស៊ើបសួរ ហើយ​ជា​លទ្ធផល​ឃាត់​ខ្លួន​បាន​កីឡាករ​៥​នាក់ ​និង​អាជ្ញាកណ្ដាល​២​នាក់។កីឡាករ​៥​នាក់​ដែល​គេ​រក​ឃើញ​នោះ ​គឺ​មក​ពី​ខាង​ក្លឹប​ទ័ព​ជើង​ទឹក Navy ៤​នាក់​ និង​អ្នក​ចាំ​ទី​មក​ពី​ក្លឹប Nakhon Ratchasima FC ​ម្នាក់​។ ចំណែក នាយក​ក្លឹប Sisaket FC ក៏​ត្រូវ​បាន​រក​ឃើញ​ថា បាន​រួមចំណែក​ក្នុង​ការ​រៀបចំ​លទ្ធផល​នេះ​ផង​ដែរ។ ការ​រៀបចំ​លទ្ធផល ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​ប្រកួត​ចំនួន៤ នៅ​ចុង​រដូវ​កាល​នៃ​លីគ​កំពូល​ថៃ។អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងអស់ អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ៥០​ម៉ឺន​បាត (ជាង ១៥ម៉ឺន​ដុល្លារ​អាមេរិក) ឬ ដាក់​ពន្ធនាគារ​រហូត​ដល់ ៥​ឆ្នាំ។ ដោយឡែក ក្លឹប Nakhon Ratchasima បាន​សម្រេច​បញ្ចប់​កុងត្រា​របស់​អ្នកចាំទី​ខ្លួន​ភ្លាមៗ ក្រោយពី​ទទួល​បាន​ព័ត៌មាន​ខាងលើ ហើយ​អះអាង​ថា នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ទង្វើ​របស់​អ្នកចាំទី​រូប​នេះ​៕ប្រភព៖ Bangkokpost

Tuesday, November 21, 2017

ឈុតគ្រឿងអលង្ការមាស សម័យអង្គរ នឹងត្រូវ​នាំ​ពីអង់គ្លេសមក​កម្ពុជា​វិញ​

ឈុតគ្រឿងអលង្ការមាស សម័យអង្គរ នឹងត្រូវ​នាំ​ពីអង់គ្លេសមក​កម្ពុជា​វិញ​
ឈុតគ្រឿងអលង្ការមាសសម័យអង្គរ​នឹងត្រូវ​នាំ​យកពីប្រទេស​អង់គ្លេស​ម​ក​កាន់​កម្ពុជា​វិញ​​នាពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ នេះ​បើតាមប្រសាសន៍​លោកប្រាក់ សុណ្ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ ​។លោកឲ្យ​ដឹងទៀតថា កម្ពុជា​នឹង​ដឹកនាំ​​​គណៈប្រតិភូ​ទៅ​ទទួល​យក​មក​វិញ​​នូវ​ឈុត គ្រឿង​អលង្ការ​មាស​សម្រាប់​លម្អរូប​ ចម្លាក់នា​សម័យអង្គរ នៅ​ទីក្រុងទ្បុងដ៍ ប្រទេស​អង់គ្លេស​នៅ​ខែ​ក្រោយ​​នេះ​ បន្ទាប់​ពីភ្នាក់​ងារ​លក់​វត្ថុបូរាណ នៅ​ចក្រភព​អង់​គ្លេស​ឈ្មោះ Johnathan ​Tucker Antonio Tozer Asian Art ស្ម័គ្រ​ចិត្ដ​ប្រគល់​មក​កម្ពុជា​វិញកាល​ពី​ខែមេសា ឆ្នាំ២០១៧នេះ។

លោក​ប្រាក់​​ សុណ្ណារ៉ា បន្ថែម​ថា ការទាមទារ​ឈុត​គ្រឿង​អលង្ការមាសនេះមកវិញ​ត្រូវ​បានធ្វើ​ឡើង​ បន្ទាប់ពី កម្ពុជា​ទទួលព័ត៌មានថាភ្នាក់ងារលក់វត្ថុបូរាណ Johnathan ​Tucker Antonio Tozer Asian Art បានប្រកាស ដាក់ តាំង លក់​វត្ថុបូរាណ​ឥណ្ឌា និង​អាស៊ីអាគ្នេយ៍​ នៅ​ស្នាក់ការ​របស់​ខ្លួន​ នាទីក្រុង​ទ្បុងដ៍ ​ចាប់ពី​ថ្ងៃទី៣ ​ដល់ទី២៥ ​ខែវិច្ឆិកា ​ឆ្នាំ២០១៦។ គណៈប្រតិភូក្រ​សួង​នឹង​​ទៅ​យក​ឈុតគ្រឿងអលង្កការមាសពីចក្រភពអង់គ្លេស ហើយពិធីដង្ហែដ៏ធំមួយ ក៏នឹងត្រូវបានរៀបចំផងដែរ នៅពេល​គណៈប្រតិភូ​ត្រទ្បប់មកវិញ។លោក​​បាន​ឱ្យ​ដឹងទៀត​ ថា មន្រ្ដីក្រសួងវប្បធម៌នឹង​រក្សាទុកឈុតគ្រឿង​អលង្កការ​មាស​នៅ​កន្លែង​មាន​សុវត្ថិភាព ដោយ រង់​ចាំពិធីទទួលផ្លូវការ​ធំនៅ​ដើម​ឆ្នាំក្រោយ។ឈុតគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរ រួមមានម្កុដ១ ក្បាច់ពាក់សៀតផ្កា១គូ ក្រវិល១គូ ខ្សែក១ ស្នាប់ដៃ១គូ ខ្សែពាក់ឈៀង(ក្រវាត់ទ្រូង) ១គូ និងខ្សែចង្កេះ១។ លោក​ ប្រាក់ សុណ្ណារ៉ា បន្ត​ថា​វត្ថុ​បូរាណ​ទាំង​នេះ​មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន ដោយសារវាត្រូវបានធ្វើក្នុងសម័យអង្គររវាងសតវត្សរ៍ទី១១ និង១២នៃគ្រិស្ដសករាជ និង​បាន​ឆ្លងកាត់ច្រើនសម័យកាល ទាំងសម័យសង្គ្រាម និងសន្ដិភាព។
ម្យ៉ាងទៀត ឈុតគ្រឿង​អលង្ការ​មាស​នេះ​ លោក​ថា​ក៏មាន​តម្លៃ​ផ្នែក​សិល្បៈការរចនា និងក្បូរក្បាច់ ដែលបង្ហាញពី រចនាបថរបស់ខ្មែរតែមួយគត់៕ប្រភព៖everyday news

រដ្ឋសភាលុបឈ្មោះតំណាងរាស្រ្ត និងជំនួយការCNRPជាង១០០នាក់ លែងផ្តល់ប្រាក់ខែ ចាប់ពីខែវិច្ឆិកានេះទៅ

រដ្ឋសភាលុបឈ្មោះតំណាងរាស្រ្ត និងជំនួយការCNRPជាង១០០នាក់ លែងផ្តល់ប្រាក់ខែ ចាប់ពីខែវិច្ឆិកានេះទៅ
 
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា នៅព្រឹកថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា រដ្ឋសភា ពេលនេះ បានសម្រេចលុបឈ្មោះ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ទាំង៥៥រូប និងទីប្រឹក្សា ជំនួយការ អ្នកបើករថយន្ត សរុបជាង១០០នាក់ ចេញពីបញ្ជីក្របខណ្ឌ ហើយពួកគេត្រូវបាន បញ្ចប់មុខងារ និងប្រាក់ខែចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧នេះតទៅ។ការសម្រេចលុបឈ្មោះនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានប្រកាសសាលដីកា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិ។ ជាមួយគ្នានោះ តុលាការកំពូលក៏បានប្រកាសហាម ឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។បើតាម លោក ឡេង ប៉េងឡុង, សម្ភារៈប្រើប្រាស់ ដូចជារថយន្តទំនើបៗ កុំព្យូទ័រ សម្ភារការិយាល័យ របស់អតីត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងនោះ ក៏ត្រូវរឹបអូសយកមកទុកជាសម្បត្តិរដ្ឋវិញដែរ។សូមបញ្ជាក់ថា ក្រោយពេលរំលាយ នៅពេលនេះ ស្លាក បដា និងពាក្យស្លោកគណបក្សសង្រ្គោះជាតិ នៅតាមបណ្តា រាជធានី ខេត្ត ត្រូវបានរុះរើ និងទម្លាក់ជិតអស់ហើយ ក្នុងនោះក៏មានស្លាកសញ្ញា ទីស្នាក់ការគណបក្សសង្រ្គោះជាតិ ជាច្រើនត្រូវបានសមាជិកបក្សនេះ ទម្លាក់ដោយខ្លួនឯងដែរ៕ប្រភព៖everyday news

Monday, November 20, 2017

អ្នក​សិល្បៈ​៦​​រូប ​បង្ហាញ​មុខ​កូន​ប្រពន្ធ​ទាំង​គ្មាន​ដំណឹង​​រៀប​ការ

អ្នក​សិល្បៈ​៦​​រូប ​បង្ហាញ​មុខ​កូន​ប្រពន្ធ​ទាំង​គ្មាន​ដំណឹង​​រៀប​ការ
ជា​ធម្មតា​មុន​ចូល​រោង​ការ​ ឬបញ្ចប់​ភាព​នៅ​លីវ​ អ្នក​សិល្បៈ​​ភាគ​ច្រើន​តែង​​​ប្រកាស​ប្រាប់​មហាជន​​ឲ្យ​បាន​ដឹង​ជា​សាធារណៈ​ជាក់​ជា​ពុំខាន​​ ដោយ​ឡែក​អ្នក​សិល្បៈ​៦ រូប​នេះ​វិញ​មិន​ធ្លាប់​លេចឮ​ដំណឹង​រៀប​ការ​អ្វី​ឡើយ​​​ ស្រាប់​តែ​ថ្មីៗ​នេះ​បង្ហាញ​មុខ​ប្រពន្ធ​កូន​ជា​សាធារណៈ​ធ្វើ​ឲ្យ​ផ្អើល​អស់​​មហាជនទាំង​ក្នុង ​និង​ក្រៅ​សិល្បៈ។អ្នក​សិល្បៈ​ទាំង​៦ រូប​រៀប​រាប់​ខាង​លើ​​មាន​ដូច​ជា​៖​​
១/ តារា​ចម្រៀង​ផលិតកម្ម​សាន់​ដេ​ លោក ខាត់ ជេមស៍​ ​បាន​បង្ហាញ​មុខ​មាត់​​ប្រពន្ធ​ និង​កូន​របស់​ខ្លួន​ជា​សាធារណៈ​ក្នុង​ដំណើរ​កម្សាន្ត​មួយ​នៅ​លើ​ទឹក​ដី​អង្គរ​ នៃ​ខេត្ត​សៀមរាប ក្រោយ​ពី​​ព្យាយាម​​លាក់​បាំង​​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​​។

២/ សម្រាប់​ពិធី​ការិនី​​ចាស់​វស្សា​អ្នកនាង យុគ ចិន្តា វិញ​​​​បាន​ប្រកាស​​ទទួល​ស្គាល់​ថា​កុមារី​វ័យ​ជំទង់​ ឈ្មោះ​ អម អាយុ​១៤ ឆ្នាំ​ថា​ជា​កូន​ស្រី​ខ្លួន។​ ការ​ប្រកាស​ធ្វើ​ឡើង​​​នៅ​ថ្ងៃ​ អម ចេញ​ទៅ​ប្រឡង​ចម្រៀង​នៅ​ប្រទេស​សិង្ហបុរី​ ក្រោយ​ពី​ព្យាយាម​លាក់​បាំង​​ជា​ច្រើន​ឆ្នាំ​ថា​កុមារី​រូប​នេះ​ជា​ក្មួយ​ស្រី​របស់​នាង​។

៣/ អតីត​តារា​ចម្រៀង​ផលិតកម្ម​ថោន​ លោក ណាំ ប៊ុណ្ណារ័ត្ន ក្រោយ​ពី​ស្ងប់​ស្ងាត់​ពី​សិល្បៈ​អស់​មួយ​រយៈ​មក ស្រាប់​តែ​ថ្មីៗ​នេះ​លោក​បាន​បង្ហាញ​មុខ​កូន​ប្រុស​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពី​មហាជន​ ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ផង​ដែរ​។

៤/ ចំណែក​ឯ​តារា​​សម្ដែង​សាច់​ស​ខ្ចី​អ្នកនាង ឈិត សុជាតា វិញ​មិន​ធ្លាប់​លេចឮ​ដំណឹង​រៀប​ការ​ ឬទាក់​ទង​ជាមួយ​បុរស​​ណា​ម្នាក់​នោះ​ទេ បែរ​ជា​បែក​​ធ្លាយ​ព័ត៌មាន​ថា​នាង​មាន​កូន​ភ្លោះ​ប្រុស​ស្រី​ ២ រូប​​យ៉ាង​ស្រស់​ស្អាត​។

៥/ ងាក​មក​ចាប់​អារម្មណ៍​អតីត​ Freshie Boy ជយលាភី​លេខ​១ កាល​ពី​ឆ្នាំ​២០០៨ លោក កែវ បូរ៉ា ឯណេះ​វិញ​មិន​ខុស​ពី​រៀម​ច្បង​សិល្បៈ​ខាង​លើ​ប៉ុន្មាន​ឡើយ​។ លោក​បាន​បង្ហាញ​មុខ​ប្រពន្ធ​កូន​ទៅ​កាន់​មហា​ជន​ ទាំង​មិន​ធ្លាប់​លេចឮ​ដំណឹង​រៀប​​ការ​ ឬ​មាន​ទំនាក់​ទំនង​ជា​មួយ​នារី​ណា​ម្នាក់​ឡើយ​។
៦/ក្រឡេក​មក​ចាប់​អារម្មណ៍ ​ឌីជេ ក្ដឹប​ វិញ​​​ក៏​មិន​ខុស​​ពី​លោក​ កែវ បូរ៉ា​ ប៉ុន្មាន​ដែរ​ ថ្មី​នេះ​លោកបាន​បង្ហាញ​រូប​ថត​ប្រពន្ធ​​ និង​កូន​សម្រាក​នៅ​មន្ទីរ​ពេទ្យ​មួយ ព្រម​ទាំង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ទៀត​ផង​។​​​​​​​​​​​​
ប្រភព៖ Sabay

តើ​របួស​ច្រមុះ​របស់ Ramos អាច​ត្រូវ​អវត្តមាន​ច្រើន​ថ្ងៃ​ឬ​យ៉ាងណា?

តើ​របួស​ច្រមុះ​របស់ Ramos អាច​ត្រូវ​អវត្តមាន​ច្រើន​ថ្ងៃ​ឬ​យ៉ាងណា? Zinedine Zidane ពិត​ជា​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​សម្រាប់​តំបន់​ការពារ បន្ទាប់​ពី Sergio Ramos បាន​របួស​បាក់​ខ្ទង់​ច្រមុះ​ ក្នុង​ជំនួប Madrid Derby រវាង Real Madrid និង Atletico Madrid បញ្ចប់​លទ្ធផល ០-០។យ៉ាងណាមិញ តាម​ការ​ចុះ​ផ្សាយ​ពី​កាសែត Marca បញ្ជាក់​ថា ខ្សែ​ការពារ​រឹងមាំ​​អេស្ប៉ាញ​រូប​នេះ នឹង​មិន​ត្រូវ​ការ​វះ​កាត់​អ្វី​ទេ ហើយ​​អាច​ចូល​លេង​បាន​ដោយ​ពាក់​ម៉ាស​ការពារ។ ដូច្នេះ Ramos នឹង​​អាច​បង្ហាញ​ខ្លួន​ប្រកួត​នៅ La Liga​ សម្រាប់​ប្រកួត​បន្ទាប់​ជាមួយ Malaga និងAthletic Bilbao ពេល​ខាង​មុខ។
​​​ Ramos បាន​ធ្វើ​ការ​ពិនិត្យ​ច្រមុះ​បន្ថែម​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ឯ​មន្ទីរពេទ្យ La Moraleja ក្រោយ​​ត្រូវ​មួយ​ជើង​ចំ​ច្រមុះ​ពី​សំណាក់​កីឡាករ Lucas Hernandez ក្នុង​វគ្គ​ទី​មួយ។ កីឡាករ​វ័យ​៣១​ឆ្នាំ​បាន​ញ៉ុក​សំឡី​​ដើម្បី​លេង​បន្ត តែ​ដោយ​សារ​​ច្រមុះ​ហើម​ខ្លាំង​ពេក ក៏​សម្រេច​ចិត្ត​​ប្ដូរ​ចេញ​នៅ​នាទី​៤៦៕ ​ប្រភព៖ Marca

ការស្ម័គ្រចិត្តចុះចូលពី សំណាក់អតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា

ការស្ម័គ្រចិត្តចុះចូលពី សំណាក់អតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា
  ជុំវិញការចុះចូលរបស់អតីតមន្រ្តីថ្នាក់ដឹកនាំ និងមន្រ្តីមូលដ្ឋានរបស់គណបក្សសង្រ្គោះជាតិ ដែលកំពុងសម្រុកចុះចូល យ៉ាងច្រើនរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលនៅពេលនេះចំនួនបានកើនឡើងរហូតដល់ ជិត៣២០នាក់នៅទូទាំងប្រទេស។ ឆ្លើយតបនឹងការកំណត់ពេលវេលានៃការចុះចូល, ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មាន​ដ៏ធំ មួយនៅកម្ពុជា Fresh News ឲ្យដឹងថា ការស្ម័គ្រចិត្តចុះចូលពី សំណាក់អតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ចូលគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ។នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧​នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ដ៏ពិសេសមួយជាមួយ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិប​ណ្តាញព័ត៌មាន​ Fresh News ឲ្យដឹងថា៖ «ការស្ម័គ្រចិត្តចុះជាមួយគណបក្ស ប្រជាជនកម្ពុជា មានត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅ កាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូល កាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗ ដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤នេះធ្វើឡើងតាមលក្ខខ័ណ្ឌរបស់គជប។សូមជំរាបថា គិតពេញមួយថ្ងៃនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានទទួលលិខិត​ពីអតីតថ្នាក់ដឹកនាំមូលដ្ឋាន សំខាន់ៗ សរុបចំនួន៥០នាក់ ដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះបាន​ធ្វើឲ្យចំនួនសរុបកើន ឡើងដល់៣១៨​នាក់៕ប្រភព៖everyday news

Sunday, November 19, 2017

ទីក្រុងអណ្តែតទឹក ដំបូងបង្អស់លើលោក នឹងត្រូវសាងសង់ឆាប់ៗ

ទីក្រុងអណ្តែតទឹក ដំបូងបង្អស់លើលោក នឹងត្រូវសាងសង់ឆាប់ៗ គំនិត​នៃ​ការ​បង្កើត​ទីក្រុង​អណ្ដែត​ទឹក ស្ដាប់​ទៅ​ហាក់​បី​ដូច​ជា​រឿង​ប្រលោម​លោក ឬ​រឿង​ប្រឌិត​បែប​វិទ្យាសាស្ត្រ ប៉ុន្តែ​វា​អាច​ក្លាយ​ជា​ការ​ពិត នៅ​ត្រឹម​ឆ្នាំ២០២០ ខាង​មុខ​នេះ។
 
វិទ្យាស្ថាន Seasteading Institute ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង San Francisco សហរដ្ឋអាមេរិក បាន​បង្កើត​គំនិត​នេះ ចាប់តាំង​ពី​ការ​បង្កើត​គ្រឹះស្ថាន នៅ​ក្នុង​ឆ្នាំ២០០៨ មក​ម្ល៉េះ ហើយ​វា​បាន​ឈាន​ដល់​ការ​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល នៃ​ប្រទេស​ប៉ូលីណេស៊ី (French Polynesia) ដើម្បី​ចាប់ផ្ដើម​ការ​សាកល្បង​នៅ​ក្នុង​ដែនទឹក​របស់​ខ្លួន​ទៀត​ផង។លោក Joe Quirk នាយក​វិទ្យាស្ថាន Seasteading Institute បាន​ប្រាប់​សារព័ត៌មាន New York Times ឲ្យ​ដឹង​ថា «ប្រសិន​បើ​អ្នក​អាច​មាន​ទីក្រុង​អណ្ដែត​ទឹក នោះ​វា​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ចាប់ផ្ដើម​ដំបូង​គេ​បង្អស់។ យើង​អាច​បង្កើត​អ្វី​ថ្មី​ដ៏​សម្បូរ​បែប សម្រាប់​ប្រជាពលរដ្ឋ​ជាច្រើន​របស់​យើង»។គួរ​បញ្ជាក់​ថា ទីក្រុង​អណ្ដែត​ទឹក​នោះ នឹង​មាន​រចនាសម្ព័ន្ធ​ជា​ច្រើន រាប់​បញ្ចូល​ទាំង ផ្ទះ សណ្ឋាគារ ការិយាល័យ និង ភោជនីយដ្ឋាន ជាដើម ខណៈ​ក្រុម​វិស្វករ និង​ស្ថាបត្យករ បាន​ទៅ​មើល​ទីតាំង សម្រាប់​គម្រោង​មួយ​នេះ​រួច​ទៅ​ហើយ។យ៉ាងណាមិញ លោក Quirk បាន​អះអាង​ថា ការ​សាងសង់​អគារ​នៅ​លើ​ដែន​សមុទ្រ​នេះ នឹង​ចំណាយ​អស់​ប្រហែល ១៦៧លាន​ដុល្លារ ខណៈ​វិទ្យាសាស្ត្រ Seasteading Institute បាន​ទទួល​ទុន​ជំនួយ (seed funding) ពី​ស្ថាបនិក​របស់​ក្រុមហ៊ុន PayPal លោក Peter Thiel រួច​ទៅ​ហើយ៕ប្រភព៖ Boredpanda

Mark ដឹង​ថា​ Facebook ធ្វើ​ឲ្យ​មនុស្ស​ញៀន​ នៅ​តែ​បង្កើត​វា

Mark ដឹង​ថា​ Facebook ធ្វើ​ឲ្យ​មនុស្ស​ញៀន​ នៅ​តែ​បង្កើត​វា Sean Parker ដែល​ជា​ប្រធាន​ដំបូង​គេ​​របស់​បណ្ដាញ​សង្គម​ Facebook បាន​ទទួល​ស្គាល់​ថា​ពេល​នេះ​ខ្លួន​ក្លាយ​ជា​អ្នក​ជំទាស់​មួយ​រូប​ចំពោះ​បណ្ដាញ​សង្គម Facebook។អតីត​ប្រធាន​វ័យ​ ៣៧ ឆ្នាំ​រូប​នេះ​បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា​ ៖ "Facebook បាន​ផ្លាស់​ប្ដូរ​ទំនាក់​ទំនង​អ្នក​ជា​មួយ​សង្គម និង​អ្នក​ជុំវិញ​ខ្លួន។ មាន​តែ​ព្រះ​ជា​ម្ចាស់​ទេ​ទើប​ដឹង​ថា​វា​បាន​​ជះ​ឥទ្ធិពល​​ដល់​​ខួរ​ក្បាល​កូនៗ​របស់​យើង​​​បែប​ណា​ខ្លះ”។ គាត់​បន្ថែម​ថា​ Facebook ផលិត​ឡើង​ដើម្បី​វាយ​ឲ្យ​ចំ​ចំណុច​ខ្សោយ​របស់​មនុស្ស ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ញៀន។ Sean បន្ត​លើក​ឡើង​ទៀត​ថា ៖ "អ្នក​បង្កើត​ ​រួម​មាន​ខ្ញុំ, Mark Zuckerberg និង Kevin Systrom ​​ដែល​ជា​អ្នក​បង្កើត​ Instagram សុទ្ធ​តែ​ដឹង​ពី​ចំណុច​នេះ​ ហើយ​យើង​នៅ​តែ​សម្រេច​ធ្វើ​វា"។Sean ដែល​បច្ចុប្បន្ន​ជា​ស្ថាបនិក​​វិទ្យាស្ថាន​ព្យាបាល​ជំងឺ​មហារីក​បាន​ពន្យល់​ថា​ Facebook ប្រើ​ប្រាស់​ចំនួន​ Like និង Share ដើម្បី​បង្កើត​​ជា​ Loop មួយ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មិន​អាច​ដក​ចិត្ត​បាន។ វា​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដែល​ជួយ​ឲ្យ​អ្នក​ផ្ដល់​នូវ​ Content (ការ​បង្ហោះ​រូបភាព, វីដេអូ​ ឬ Status) ឲ្យ​ Facebook ​ជា​បន្ត​បន្ទាប់។មហាសេដ្ឋី​រូប​នេះ​បន្ថែម​ថា​ គោល​គំនិត​នៃ​ការ​បង្កើត​ Facebook ​ដំបូង​កើត​ចេញ​ពី​​​ការ​រិះ​រក​វិធី​​ដើម្បី​​ទាញ​យក​ពេល​វេលា​ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​មនុស្ស​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ទៅ​រួច៕ ​​ប្រភព៖ nypost

ហេតុអ្វីភាពយន្ត​ខ្នាត​ខ្លី​ប្រមូល​ផ្ដុំ​ដោយ​ជើង​ខ្លាំង​ក្បាច់​គុន​របស់​មហាសេដ្ឋី​ចិន Jack Ma បែរ​ជា​គ្មាន​ឈិនឡុង?

ហេតុអ្វីភាពយន្ត​ខ្នាត​ខ្លី​ប្រមូល​ផ្ដុំ​ដោយ​ជើង​ខ្លាំង​ក្បាច់​គុន​របស់​មហាសេដ្ឋី​ចិន Jack Ma បែរ​ជា​គ្មាន​ឈិនឡុង?
  កំពូល​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​ប្រមូល​ផ្ដុំ​ដោយ​ជើង​ខ្លាំង​ក្បាច់​គុន​របស់​មហាសេដ្ឋី​ចិន Jack Ma កំពុង​បង្ក​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។ តែ​មហាជន​កំពុង​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​អវត្តមាន​តារា​សម្ដែង ឈិន ឡុង​ទៅ​វិញ។ខ្សែ​ភាពយន្ត "Gong Shu Dao” ទទួល​បាន​ចំណាប់​អារម្មណ៍​របស់​ទស្សនិកជន​តាំង​ពី​មិន​ទាន់​បាន​ថត​ម្ល៉េះ​ត្បិត​ប្រមូល​ផ្ដុំ​ដោយ​អ្នក​ខ្លាំង​ផ្នែក​គុន​ទាំង​១១​នាក់​ក្នុង​នោះ​រួម​មាន លី លាន​ជា និង​កុំកុំ​ជា​ដើម។ សូម្បី​តែ Wu Jing និង​ហុង ជីន​ប៉ាវ​ក៏​សុខ​ចិត្ត​មក​ថត​ទាំង​ខ្លួន​កំពុង​របួស​ដែរ។

យ៉ាងណាក៏ដោយ រឿង​នេះ​នៅ​ខ្វះ​ជើង​ខ្លាំង​ពីរ​រូប​គឺ Vincent Zhao និង Jackie Chen។ ចំពោះ Vincent Zhao វា​ជា​រឿង​ធម្មតា​ទេ​ដែល​លោក​មិន​ចូល​រួម​ព្រោះ​មាន​ជម្លោះ​យូរ​ឆ្នាំ​ជាមួយ​កុំកុំ។ Vincent ធ្លាប់​ប្រកាស​ក្ដែង​ៗ​ថា​គ្មាន​ថ្ងៃ​សហការ​ជាមួយ​តួ​រឿង "Ip Man” នោះ​ឡើយ។ផ្ទុយ​មក​វិញ អវត្តមាន​របស់​កំពូល​តារា​សម្ដែង​ក្បាច់​គុន​ឈិន ឡុង​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​មាន​ជាប់​ទាក់ទង​ជាមួយ​តារា​សម្ដែង លី លាន​ជា​ទៅ​វិញ។ នៅ​ក្នុង "Gong Shu Dao” តួ​រឿង "វ៉ាង​ហ្វីហុង" ក្រៅ​ពី​មាន​តួនាទី​ជា​តារា​សម្ដែង​នោះ ក៏​មាន​តំណែង​ជា​ផលិតករ​ថែម​ទៀត។ លោក​មាន​សិទ្ធិ​លើ​ការ​ជ្រើសរើស​​តារា​សម្ដែង​ទាំង​អស់។ ប្រភព​នានា​បាន​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា លី លាន​ជា និង​ឈិន ឡុង​ធ្លាប់​សហការ​គ្នា​ក៏​ដោយ តែ​ឈិន ឡុង​តែង​បង្ហាញ​ពី​ភាព​អំនួត​របស់​ខ្លួន​ចំពោះ​សិស្ស​ប្អូន​ជា​និច្ច ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​គិត​ថា​លោក​មិន​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ថត​រឿង​នេះ។ពាក់ព័ន្ធ​នឹង​មន្ទិលសង្ស័យ​ខាង​លើ ភាគី​ទាំង​សង​ខាង​សុទ្ធ​តែ​មិន​ទាន់​បាន​បញ្ចេញ​មតិ​អ្វី​ទាំង​អស់ ហើយ​ចាប់​តាំង​ពី​ពេល​រឿង​ដាក់​បញ្ចាំង​មក ឈិន ឡុង​ក៏​មិនទាន់​បាន​មាន​យោបល់​អ្វី​នោះ​ដែរ៕ប្រភព៖ Zing